ភ្នំពេញ៖ នាថ្ងៃចន្ទ ទី ៧ ខែមេសា ឆ្នាំ២០២៥ និស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្មចំនួន ៣០នាក់ដែលដឹកនាំដោយលោកគ្រូពីររូប បានធ្វើទស្សនកិច្ចសិក្សាលើស្ថាបត្យកម្មគម្រោងផ្ទះវីឡាកូនកាត់របស់ក្រុមហ៊ុនខាមប៊ូចាយ៉ា (Kambujaya Residences) ដែលស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទស្សនកិច្ចសិក្សានេះគឺធ្វើឡើងនៅក្នុងមុខវិជ្ជារោងជាងស្ថាបត្យកម្ម ក្នុងឆមាសទី២នៃឆ្នាំទី៣ ដែលសិក្សាលើគម្រោង ផ្ទះអាជីវកម្ម និងផ្ទះវីឡាទំនើប។ ទស្សនកិច្ចសិក្សានេះមានគោលបំណងឱ្យនិស្សិតបានទស្សនា និងរៀនសូត្រផ្ទាល់លើគម្រោងជាក់ស្តែង។ តាមរយៈទស្សនកិច្ចសិក្សានេះ និស្សិតបានសិក្សាស្វែងយល់ពីការស្ថាបត្យកម្មនៃលំនៅដ្ឋានរស់នៅបែបលក្ខណៈប៊ូទិក ជាពិសេសគឺការរៀបចំលំហមុខងារប្រើប្រាស់ក្នុងផ្ទះ ដែលសមស្របទៅតាមបរិបទនៃសង្គមកម្ពុជា និងសម្របទៅតាមលក្ខណៈអាកាសធាតុក្នុងតំបន់ ដូចជាការរចនាបង្អួច ទ្វារ ដំបូល និងការជ្រើសរើសគ្រឿងបង្គុំសំណង់ និងសម្ភារៈសំណង់ ដែលលើកកម្ពស់ការទាញយកពន្លឺថ្ងៃធម្មជាតិមកប្រើប្រាស់ និងបម្លាស់ប្តូរខ្យល់ធម្មជាតិនៅក្នងផ្ទះ។ លើសពីនេះទៀតនិស្សិតក៏ទទួលបានឪកាសក្នុងការបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនសំរាប់ការចេញទៅបំពេញកម្មសិក្សា និងការងារនាពេលខាងមុខ។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏ដូចជាដេប៉ាតឺម៉ង់ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន សម្រាប់កិច្ចសហប្រតិបត្តិ និងការទទួលដំណើរទស្សនកិច្ចមួយនេះ។



