ភ្នំពេញ-វបក៖ នារសៀលថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មហាវិទ្យាល័យសំណង់បានចូលរួមធ្វើបទបង្ហាញតម្រង់ទិសជ្រើសរើសដេប៉ាតឺម៉ង់ជំនាញសម្រាប់និស្សិតវិស្វករឆ្នាំទី១។ ដេប៉ាតឺម៉ង់ទាំង៣ នៃមហាវិទ្យាល័យសំណង់រួមមាន ដេប៉ាតឺម៉ង់ទេព្យកោសល្យសំណង់ស៊ីវិល ដេប៉ាតឺម៉ង់ទេព្យកោសល្យស្ថាបត្យកម្ម និងដេប៉ាតឺម៉ង់ទេព្យកោសល្យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានធ្វើបទបង្ហាញអំពីកម្មវិធីសិក្សា មន្ទីរពិសោធន៍ អាហារូបករណ៍ ឳកាសការងារ និងសកម្មភាពផ្សេងៗរបស់ដេប៉ាតឺម៉ង់ដូចជា សិក្ខាសាលា ទស្សនកិច្ចសិក្សា ការប្រកួតប្រជែងនានា ដល់និស្សិតវិស្វករឆ្នាំទី១ ទាំងអស់ដើម្បីឱ្យនិស្សិតបានស្វែងយល់លម្អិតបន្ថែមអំពីជំនាញដែលខ្លួនមានចំណាប់អារម្មណ៍។ ការធ្វើបទបង្ហាញតម្រង់ទិសនេះជាជំនួយដ៏សំខាន់សម្រាប់និស្សិតក្នុងការសម្រេចចិត្តជ្រើសរើសជំនាញដែលខ្លួនពេញចិត្តឱ្យបានត្រឹមត្រូវ។



