ពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ក្រុមហ៊ុនជប៉ុន សាតូកូគ្យូ

នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ក្រុមហ៊ុនជប៉ុន សាតូកូគ្យូ បានព្រមព្រៀងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពី ការសហការណ៍ក្នុងវិស័យការស្រាវជ្រាវ ការអភិវឌ្ឍនិងការធ្វើកម្មសិក្សានៅប្រទេសជប៉ុន សម្រាប់និស្សិតនៃមហាវិទ្យាល័យសំណង់។

ចូលរួមក្នុងកិច្ចចុះហត្ថលេខាមាន តំណាងពីខាងក្រុមហ៊ុនសាតូកូគ្យូគឺលោក តាកាមី អ៊ីតូ លោក កូអ៊ីឆី មីយ៉ាគីស៊ី និងលោក ម៉ារ៉ូយ៉ាម៉ា តាកាហ៊ីរូ ឬឯពីខាងវិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា គឺ ឯកឧត្ដម ប៉ូ គឹមថូ លោកបណ្ឌិត ប៊ុន ឡុង លោកបណ្ឌិត ហាន វីរៈ លោក លីហាវ លោក ហាស់ ចាន់លី លោកស្រីបណ្ឌិត រ័ត្ន សុវណ្ណសត្យា លោកបណ្ឌិត អ៊ឹង ថៃឡេង។

ឯកឧត្ដមនាយក បានស្វាគមនិងបង្ហាញ ពីសមិទ្ធផលនានាកន្លងមក របស់វិទ្យាស្ថាន និងកិច្ចសហប្រតិបត្តការជាមួយសាកលវិទ្យាល័យបរទេស ជាច្រើន ដែលតែងតែជួយអភិវឌ្ឍការស្រាវជ្រាវនិងពង្រឹងគុណភាពសិក្សា។ បន្ថែមលើនេះ ឯកឧត្ដមក៏បានសំដែងការអរគុណដល់សាតូកូគ្យូ ក្រុមហ៊ុនបរទេសដំបូងដែលមានចំណាប់អារម្មណ៍នឹងវិទ្យាស្ថាន ធ្វើអនុស្សរណៈនៃការយោគយល់ក្នុងការទទួលកម្មសិក្សាការីដែលនឹងចុះតាមការដ្ឋាននានានៅប្រទេសជប៉ុនក្នុងអំឡុងពេលឆមាសទី២ឆ្នាំទី៥។

ស្របពេលជាមួយគ្នានេះដែរ លោក កូអ៊ីឆី មីយ៉ាគីស៊ី បានរៀបរាប់ពីបទពិសោធន៍របស់ក្រុមហ៊ុន និង មានមោទនភាព ចំពោះគុណភាព របស់សិស្សានុសិស្ស ដែលឆ្លងកាត់ ការសិក្សានៅ វបក។ គុណភាពនៃនិស្សិត នេះជាកក្តាដែលជំរុញឲ្យ សាតូកូគ្យូ ចង់ពង្រឹងកិច្ចសហប្រតិបត្តការជាមួយគ្នាក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងកម្មសិក្សា។ លោក កូអ៊ីឆី មីយ៉ាគីស៊ី ក៏បានបង្ហាញពីអត្ថន័យ នៃអនុស្សរណៈយោគយល់ អត្ថន័យនៃកិច្ចសន្យារបស់និស្សិតចុះកម្មសិក្សា ការវិភាគនៃកម្មសិក្សា និងនីតិវិធីនៃការជ្រើសរើសនិស្សិត។

ក្រោយពីការជជែកពិភាក្សាលើចំនុចផ្សេងៗ ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រួមគ្នា។ តាមរយៈអនុស្សរណៈនេះ ក្រុមហ៊ុននិងចាប់ផ្ដើមទទួលជ្រើសរើសកម្មសិក្សាការីនៅខែសីហាឆ្នាំ២០២៤ ហើយដែលនឹងចាប់ផ្ដើមចុះកម្មសិក្សានៅខែកុម្ភៈ​ ឆ្នាំ២០២៥ តទៅ។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top