

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន ISI Steel Co., Ltd. ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា
នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង ISI Steel Co., Ltd. បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅអគារ ISI Tower រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃស្ថាប័នទាំងពីរ។
កិច្ចសហប្រតិបត្តិការនេះមានគោលបំណងបង្កើតក្របខណ្ឌរួមសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងទំនាក់ទំនងរវាងវិស័យអប់រំ និងវិស័យឧស្សាហកម្ម ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ នវានុវត្តន៍ និងការអភិវឌ្ឍកម្លាំងពលកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។
ក្រោមអនុស្សរណៈនេះ ភាគីទាំងពីរនឹងសហការលើវិស័យសំខាន់ៗ រួមមាន៖
• ការបណ្តុះបណ្តាលជំនាញ និងការកសាងសមត្ថភាព
• កម្មសិក្សា ការហ្វឹកហាត់ការងារ និងគម្រោងអនុវត្តជាក់ស្តែងសម្រាប់និស្សិត
• ការអភិវឌ្ឍអាជីព ការជ្រើសរើសបុគ្គលិក និងការតភ្ជាប់ឱកាសការងារ
• សិក្ខាសាលា សន្និសីទ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម
• ការស្រាវជ្រាវរួម នវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យា
• ដំណើរទស្សនកិច្ចសិក្សា និងការចុះទស្សនកិច្ចនៅរោងចក្រ
កិច្ចសហប្រតិបត្តិការនេះនឹងពង្រឹងការរៀនតាមការអនុវត្ត “Learning by Doing” បង្កើនជំនាញការងារ និងសមត្ថភាពរបស់និស្សិត ព្រមទាំងពង្រីកកិច្ចសហការជាមួយវិស័យឯកជន ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ មហាវិទ្យាល័យសំណង់និងក្រុមហ៊ុន ISI E&C នឹងអាចឈានទៅដល់ការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងនានាជាមួយគ្នានៅពេលខាងមុខ។




